
រថយន្តក្រុងដឹកនិស្សិតកសិកម្មធ្វើកម្មសិក្សាខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ស្រាលជាច្រើននាក់
មណ្ឌលគិរី៖ រថយន្តក្រុងដឹកមនុស្សប្រុសស្រីចំនួន ៤៦នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ពេលកំពុងធ្វើដំណើរចុះចំណោតកែងខ្លាំង។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោក ចាន់ ទិត្យ ស្នងការងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារព័ត៌មានថា មានរថយន្តក្រុងមួយគ្រឿង ធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា មកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកនឹងជញ្ជាំងភ្នំតែម្តង។ លោកបានបន្ថែមផងដែរថា ក្នុងរថយន្តក្រុងនោះមានអ្នករួមដំណើរសរុបចំនួន ៤៦នាក់ (មានសង្ឃ០៣អង្គ) របួសធ្ងន់០៣នាក់ (ស្រី០២ ប្រុស០១) និងរបួសស្រាល ១១នាក់ (ស្រី០៤ ប្រុស០៧)។ នៅក្នុងហេតុការណ៍រថយន្តក្រុងបុកជញ្ជាំងភ្នំដោយខ្លួនឯងនោះមិនមាននរណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕