រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៦ ខែកក្កដា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអតីតថៅកែយកផាស៊ីកង់ម៉ូតូ និងរថយន្ត តាមចំណតទីផ្សារតូចធំ ក្នុងរាជធានីភ្នំពេញដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោ.ក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន «ហ៊ុនទឹកប្រាក់ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក»។
អតីតថៅកែផាស៊ីរូបនេះ ឈ្មោះ រត្ន សុភាព ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅផ្ទះលេខ២៤ស្ទួន មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
អ្នកស្រី រត្ន សុភាព ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តមព្រះរាជអាជ្ញា ឲ្យអ្នកស្រី រត្ន សុភាព បង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងឆបោ.ក ។ ប៉ុន្តែដើម្បីការពារផលប្រយោជន៍ដល់ជនរងគ្រោះ និងខ្លាចជនសង្ស័យគេចវេសមិនចូលខ្លួន សមត្ថកិច្ចក៏បានធ្វើការនាំខ្លួនអ្នកស្រី រត្ន សុភាព និងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មុនការកំណត់ ។
សំណុំរឿងបានដល់ដៃព្រះរាជអាជ្ញារងមួយរូបបើកការស៊ើបសួរ រួចបានធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ និងចាត់បញ្ជូនទៅចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនអ្នកស្រី រត្ន សុភាព ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
ពាក់ពន្ធការឃុំខ្លួនអតីតថៅកែយកផាស៊ីចំណតកង់ម៉ូតូ និងរថយន្ត តាមទីផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា អ្នកស្រី រត្ន សុភាព បានទទួលយកលុយពីដើមបណ្តឹងជាង៣០ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅដាក់ដេញថ្លៃចំណតផ្ញើកង់ម៉ូតូ និងរថយន្តជាមួយសាលារាជធានីភ្នំពេញ ។ ប៉ុន្តែគម្រោងនោះ ត្រូវបានសាលារាជធានីភ្នំពេញផ្អាកទៅវិញ ហើយសាលារាជធានីភ្នំពេញក៏បានបង្វិលប្រាក់ឲ្យទៅអ្នកស្រី រត្ន សុភាព វិញដែរ តែអ្នកស្រី រត្ន សុភាព មិនបានប្រគល់ឲ្យទៅភាគីដើមបណ្តឹងទេ ទើបបានកើតមានការប្តឹងផ្តល់ចាប់ខ្លួន និងឃុំខ្លួននេះអ្នកស្រីនោះ ៕